ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ទីរពេទ្យ Cleveland និយាយថាពួកគេបានចំណាយពេលវះកាត់ជាង ៩ម៉ោង ចំពោះស្ត្រីវ័យ ២៦ឆ្នាំ ដោយជំនួសស្បូន របស់ស្ត្រីបរិច្ចាគដែលស្លាប់ទៅហើយម្នាក់។មន្ទីរពេទ្យខាងលើ មានគម្រោងវះកាត់បែបនេះជាយូរមកហើយ ដោយប្រកាសតាំងពីឆ្នាំមុន ថានឹងវះកាត់ប្ដូរស្បូនឲ្យបាន ១០នាក់។ ពេលនេះខាងមន្ទីរពេទ្យ មិនបានចេញព័ត៌មានលម្អិតឡើយ រហូតដល់ធ្វើសន្និសីទកាសែតនៅសប្ដាហ៍ក្រោយ តែប្រាប់ថា “ស្ថានភាពរបស់ស្ត្រីខាងលើគឺធម្មតា”។ប្រទេសផ្សេងៗទៀត បានព្យាយាមវះកាត់ប្ដូរស្បូនជាច្រើនដែរ ដូចជាស៊ុយអែតត្រូវគេរាយការណ៍ថា ស្ត្រីបានសម្រាលកូនក្នុងស្បូនដែលប្ដូរ បានទារកសរុបចំនួន ៤នាក់ហើយ ថែមទាំងមានសុខភាពល្អទៀត ចាប់តាំងពីឆ្នាំ ២០១៤មក។ ក្រុមវេជ្ជបណ្ឌិតស៊ុយអែត និយាយថាខ្លួននៅតែបន្តព្យាបាល និងវះកាត់ស្ត្រីរាប់ពាន់នាក់ទៀត ដែលមិនអាចមានកូន ដោយសារពួកគេមិនមានស្បូនពីកំណើត ឬបាត់បង់ដោយសារជំងឺណាមួយ។
ចំណែក ការវះកាត់ប្ដូរស្បូនរបស់ស្ត្រីអាមេរិកនេះវិញ ក្រុមគ្រូពេទ្យ បានយកចេញពីស្ត្រីបរិច្ចាគដែលស្លាប់ និងស្បូនមានសុខភាពល្អ ហើយសរសៃអាទែរសំខាន់ៗត្រូវផ្ដាច់ចេញ។ ឯ ស្បូន និងសរសៃឈាម ត្រូវគ្រូពេទ្យដេរភ្ជាប់ខាងក្នុងត្រគាកអ្នកជំងឺ។ មុនពេលដេរភ្ជិតពោះអ្នកជំងឺ គ្រូពេទ្យបានតេស្ដលើលំហូរឈាម និងការភ្ជាប់នោះរឹងមាំបានប៉ុណ្ណា ដើម្បីឲ្យអ្នកជំងឺអាចមានកូនបាន។
វេជ្ជបណ្ឌិតដឹកនាំការវះកាត់នៃមន្ទីរពេទ្យ Cleveland លោក Dr. Andreas Tzakis និយាយថា ហានិភ័យនៃការវះកាត់នេះមិនមានច្រើនដូចការវះកាត់ប្ដូរមុខ ឬដៃឡើយ។ មន្ទីរពេទ្យលោក ធ្លាប់វះកាត់ប្ដូរតម្រង់នោម ថ្លើម និងសរីរាង្គខាងក្នុងពី ៤០០០ ទៅ ៥០០០នាក់ហើយ។ មុនវះកាត់ស្បូននេះបានជោគជ័យ លោកវេជ្ជបណ្ឌិតបានធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែត និងធ្វើការជាមួយក្រុមវេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យ Gothenburg ដែលជាមន្ទីរពេទ្យតែមួយគត់ក្នុងលោក ធ្លាប់វះកាត់ប្ដូរស្បូនបានជោគជ័យមកទល់ពេលនេះ។
ចំណែក ស្ត្រីអាមេរិកប្រមាណ ៥០ ០០០នាក់ទៀត កំពុងរង់ចាំវះកាត់ប្ដូរស្បូនបែបនេះផងដែរ៕
0 comments:
Post a Comment