នាពេលថ្មីៗនេះ ក្រុមឥស្លាមជ្រុលនិយម បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ជាថ្មីម្តងទៀតហើយ បន្ទាប់ពីក្រុមនេះ បានបង្ហោះវីដេអូឃ្លីបខ្លីមួយ ដែលបង្កប់អត្ថន័យ ក្នុងការគំរាមកំហែង ទៅដល់ជីវិត លោក Mark Zuckerberg និងលោក Jack Dorsey។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមភេរវកម្មតូចមួយ ដែលបានចុះចូលជាមួយនឹង ពួកជ្រុលនិយមឥស្លាម ISIS បានបញ្ចេញវីដេអូ ផ្សព្វផ្សាយដ៏ខ្លីមួយ នៅលើបណ្តាញសង្គម Telegram ដែលជាបណ្តាញមួយ ដ៏ពេញនិយមរបស់ សកម្មជនគាំទ្រក្រុម ISIS ដែលក្នុងនោះ គឺបង្កប់នូវទិដ្ឋភាពមួយ ដែលមានបំណង គំរាមកំហែងដល់ជីវិត របស់លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook និងលោក Jack Dorsey នាយកប្រតិបត្តិ Twitter ដោយសារតែបណ្តាញសង្គម ទាំង២នេះ បានធ្វើការបិទចោល នូវរាល់គណនីអ្នកប្រើប្រាស់ ដែលជាគ្នីគ្នា របស់ពួកគេ ជាច្រើននាពេលកន្លងមក។
នៅក្នុងវីដេអូនោះ បង្ហាញរូប និងឈ្មោះរបស់ Jack និង Mark ដែលបន្តិចក្រោយមក រូបថតរបស់ពួកគេ ត្រូវបានធ្លុះជាប្រហោង ដោយសារគ្រាប់កាំភ្លើង យ៉ាងច្រើន។
ក្រុមដែលជាអ្នកគាំទ្រភេរវករទាំងនេះ បានបង្ហោះសាររបស់ខ្លួនឡើងថា «អ្នកតែងតែប្រកាស អំពីដំណឹងបិទចោលគណនីរបស់ពួកយើង។ សូមសួរទៅកាន់អ្នកថា តើអាចធ្វើបានត្រឹមតែប៉ុណ្ណឹងទេឬ? ប្រាប់ទៅចុះ អ្នកមិនមែនជាដៃគូទប់ទល់យើងបានទេ។ ប្រសិនអ្នកបិទចោលគណនីយើង១ យើងនឹងបង្កើត ១០ថែមទៀត ហើយឈ្មោះរបស់អ្នកនឹងត្រូវលុបចោល នៅពេលខាងមុខនេះ ក្រោយពេលយើងលុបគេហទំព័ររបស់អ្នក។ នេះជាបំណងរបស់ព្រះ។ មានតែព្រះទេដែលដឹងថា អ្វីដែលពួកយើងនិយាយនឹងក្លាយជាការពិត»។
គូសបញ្ជាក់ផងដែរថា ថ្វីបើមានវីដេអូគំរាមកំហែងបែបនេះយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបណ្តាញសង្គម Twitter បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុននឹងមិនធ្វើការឆ្លើយតបដោយផ្ទាល់ណាមួយ ចំពោះវីដេអូនោះឡើយ ព្រោះថាការគំរាមកំហែងទាំងនេះ ឧស្សាហ៍កើតឡើងជារឿយៗទៅហើយ៕


Share on Google Plus

About Savin

0 comments:

Post a Comment